Bleomycin
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំចាក់ (Bleomycin hydrochloride):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឹមហារីកដូចខាងក្រោម៖
- ជំងឺមហារីកស្បែក
- ជំងឺមហារីកនៅផ្នែកក្បាលនិងក រួមមាន មហារីកឆ្អឹងចង្កាលើ(Maxillary carcinoma) មហារីកអណ្ដាត មហារីកបបូរមាត់ មហារីកបំពង់ក(Pharyngeal cancer) មហារីកបំពង់សម្លេង(Laryngeal cancer) មហារីកក្រអោមមាត់ជាដើម
- ជំងឺមហារីកសួត (ជាពិសេសប្រភេទSquamous cell carcinoma)
- ជំងឺមហារីកបំពង់អាហារ
- ជំងឺមហារីកMalignant lymphoma
- ជំងឺមហារីកកស្បូន(Cervical cancer)
- ជំងឺមហារីកGlioma
- ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត
- ជំងឺមហារីកកោសិកាបង្កកំណើត(Germ cell tumor) រួមមាន មហារីកក្រពេញពងស្វាស មហារីកក្រពេញអូវែរ មហារីកក្រៅក្រពេញភេទ(Extragonadal germ cell tumor)។
ករណីថ្នាំលាប(Bleomycin sulfate):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកស្បែក។
-
កម្រិតប្រើប្រាស់
ករណីថ្នាំចាក់ (Bleomycin hydrochloride):
・ការចាក់តាមសរសៃវ៉ែន:
មនុស្សពេញវ័យ ប្រើ15mg~30mgលាយនៅក្នុងសូលុយស្យុងអំបិលឬគ្លុយកូសជាដើមបរិមាណប្រហែល5~20mL រួចចាក់ចូលតាមសរសៃវ៉ែនដោយយឺតៗ។
・ការចាក់ក្នុងសាច់ដុំ និង ការចាក់ក្រោមស្បែក:
មនុស្សពេញវ័យ ប្រើ15mg~30mgលាយនៅក្នុងសូលុយស្យុងអំបិលជាដើមបរិមាណប្រហែល5mL រួចចាក់ក្នុងសាច់ដុំឬចាក់ក្រោមស្បែក។ ករណីចាក់ក្រោមស្បែកនៅបរិវេណជុំវិញកន្លែងដែលមានបញ្ហា ត្រូវកំណត់កំហាប់នៃឱសថក្នុងកម្រិត1mg/1mLចុះក្រោម។
・ការចាក់តាមសរសៃអាកទែ:
មនុស្សពេញវ័យ ប្រើ5mg~15mgលាយនៅក្នុងសូលុយស្យុងអំបិលឬគ្លុយកូសជាដើម រួចចាក់ចូលតាមសរសៃអាកទែតែម្ដងឬបញ្ចូលជាបន្តបន្ទាប់។
・ភាពញឹកញាប់នៃការប្រើប្រាស់ឱសថនេះ:
ជាទូទៅ គឺ2ដងក្នុង1សប្ដាហ៍ ប៉ុន្តែ អាចបង្កើនឬបន្ថយទៅតាមរោគសញ្ញា ដូចជា 1ថ្ងៃ1ដង(ជាប់ៗគ្នា)ឬ1សប្ដាហ៍1ដង។
・បរិមាណសរុបសម្រាប់ការប្រើប្រាស់ឱសថនេះ:
ត្រូវបន្តការព្យាបាលរហូតដល់មហារីកបាត់ទៅវិញ ដោយគួរប្រើក្រោមបរិមាណ300mgជាសរុប។ ប៉ុន្តែ ចំពោះជំងឺមហារីកកោសិកាបង្កកំណើត(Germ cell tumor) គួរប្រើក្រោមបរិមាណ360mgជាសរុប ដោយប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត។
・ការប្រើឱសថនេះចំពោះកុមារ:
ចំពោះជំងឺងឺមហារីកកោសិកាបង្កកំណើត(Germ cell tumor) និង ជំងឺមហារីកMalignant lymphoma របស់កុមារ ប្រើក្នុងកម្រិត1ដង10mg~20mg/m2នៃផ្ទៃក្រឡារាងកាយ ដោយចាក់តាមសរសៃវ៉ែន និង អនុវត្តរៀងរាល់1~4សប្ដាហ៍ម្ដង។ ប៉ុន្តែ កម្រិតប្រើប្រាស់អតិបរមាគឺ 30mg/ដង។
ករណីថ្នាំលាប(0.5%) (Bleomycin sulfate):
・ករណីអនុវត្តវិធីបិទរបួសជិទទាំងស្រុង (Occlusive Dressing Therapy, ODT) ប្រើ1ថ្ងៃ1ដង។
・ករណីពិបាកអនុវត្តODT លាប1ថ្ងៃ2~3ដង។
ជាទូទៅ គួរប្រើក្នុងបរិមាណ1~2.5g (សារធាតុសកម្ម5~12.5mgសម្រាប់ឱសថកំហាប់0.5%)ចំពោះរបួសទំហំ100cm2(10cmx10cm)។
-
ហាមប្រើ
ករណីថ្នាំចាក់ និង ថ្នាំលាប:
・អ្នកដែលមានបញ្ហាសួតធ្ងន់ធ្ងរ ឬ អ្នកដែលរកឃើញមានបញ្ហានៅសួតដូចជាក្រិនសួតជាដើមតាមរយៈការពិនិត្យនៅលើរួបភាពវេជ្ជសាស្ត្រដោយកាំរស្មីអ៊ិច។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬសារធាតុស្រដៀងគ្នានេះ(Peplomycin)។
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺបេះដូងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងទទួលការបាញ់វិទ្យុសកម្មទៅលើផ្នែកទ្រូងនិងផ្នែកជុំវិញនោះ។
-
ផលរំខាន
ករណីថ្នាំចាក់:
ផលរំខានរួមមាន ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(Pulmonary fibrosis) ស្បែកប្រែជារឹងឬប្រែពណ៌ ក្ដៅខ្លួន រងាញាក់ ជ្រុះរោមឬសក់ មិនឃ្លានអាហារ ស្រកទម្ងន់ អស់កម្លាំងពេញខ្លួន ក្អួតចង្អោរ រលាកក្នុងមាត់(ពងបែកក្នុងមាត់) ក្រចកប្រែប្រួល កន្ទួលក្រហមលើស្បែក កន្ទាលត្រអាក ស្នាមក្រហមលើស្បែក ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រួយខ្លួន ស្នាមជាំពណ៌ស្វាយ វិលមុខ (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង ធ្វើអោយគ្រាប់ឈាមស ប្លាកែតជាដើមថយចុះ)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម ( ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(Pulmonary fibrosis))
- ទឹកមុខស្លេកស្លាំង បែកញើស ងងឹតមុខពេលក្រោកឈរ វិលមុខ ដកដង្ហើមដង្ហក់ បាត់បង់ស្មារតី (ស្សុក(Shock))
- ហូរឈាមក្រោមស្បែក ឈាមច្រមុះ ឈាមអញ្ចាញធ្មេញ (រោគសញ្ញាហូរឈាម)។
ករណីថ្នាំលាប:
ផលរំខានរួមមាន ឈឺ ក្រហម រលាក ប្រែពណ៌ស្បែក ងាយប្រតិកម្មនៅកន្លែងលាប។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម ( ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺក្រិនសួត(Pulmonary fibrosis))។
-
អន្តរប្រតិកម្ម
ករណីថ្នាំចាក់:
・ការបាញ់វិទ្យុសកម្មទៅលើផ្នែកទ្រូងនិងផ្នែកជុំវិញនោះ - អាចធ្វើអោយកើតមានផលប៉ះពាល់ដល់សរីរាង្គសួត ដូចជា រលាកសួត ក្រិនសួតជាដើម លក្ខណៈធ្ងន់ធ្ងរ ដូច្នេះ មិនត្រូវអនុវត្តរួមគ្នានោះទេ។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយប៉ះពាល់ដល់សួត ដូចជា រលាកសួត ក្រិនសួត ជាដើម។
・ការបាញ់វិទ្យុសកម្មទៅលើផ្នែកក្បាល - អាចធ្វើអោយអាការៈរលាកក្នុងមាត់ រលាកគែមមាត់ជាដើម កាន់តែមិនល្អ។ ម្យ៉ាងទៀត អាចបង្កជាអាការៈរលាកបំពង់កនិងសម្លេងស្អក។
ករណីថ្នាំលាប:
・ការបាញ់វិទ្យុសកម្មទៅលើផ្នែកទ្រូងនិងផ្នែកជុំវិញនោះ - អាចធ្វើអោយកើតមានផលប៉ះពាល់ដល់សរីរាង្គសួត ដូចជា រលាកសួត ក្រិនសួតជាដើម លក្ខណៈធ្ងន់ធ្ងរ ដូច្នេះ មិនត្រូវអនុវត្តរួមគ្នានោះទេ។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយប៉ះពាល់ដល់សួត ដូចជា រលាកសួត ក្រិនសួត ជាដើម។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំចាក់ និង ថ្នាំលាប:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំចាក់:
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានផលរំខានធ្ងន់ធ្ងរប៉ះពាល់សួតរបស់ឱសថនេះ ដូចជា ជំងឺរលាកសួតប្រភេទInterstitial pneumonia និង ជំងឺក្រិនសួត(Pulmonary fibrosis)ជាដើម ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
・គេអាចប្រើឱសថប្រភេទប្រឆាំងហ៊ីស្តាមីន(Antihistamine)ឬឱសថបញ្ចុះកម្ដៅនៅមុនឬក្រោយពេលប្រើឱសថនេះ ដើម្បីបង្កាការកើតមានអាការៈក្ដៅខ្លួន។
ករណីថ្នាំលាប:
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានផលរំខានធ្ងន់ធ្ងរប៉ះពាល់សួតរបស់ឱសថនេះ ដូចជា ជំងឺរលាកសួតប្រភេទInterstitial pneumonia និង ជំងឺក្រិនសួត(Pulmonary fibrosis)ជាដើម ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពបង្អាក់ដំណើរការសំយោគDNAនិងកាត់ផ្ដាច់ច្រវាក់DNA។ ឱសថនេះមានកម្រិតសកម្មភាពប្រហាក់ប្រហែលគ្នាទៅនឹងឱសថPeplomycinដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp