Basiliximab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលប្រតិកម្មបដិសេធ(Transplant rejection)លក្ខណៈស្រួចស្រាវដែលកើតឡើងនៅក្រោយការវះកាត់ផ្លាស់ប្ដូរសរីរាង្គតម្រងនោម។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・មនុស្សពេញវ័យ ប្រើក្នុងកម្រិតសរុប40mg ដោយបែងចែកជា2ដង(ម្ដង20mg) ចាក់បញ្ចូលតាមសរសៃវ៉ែន។ ការចាក់លើកដំបូងគឺប្រើនៅក្នុងអំឡុងពេល2ម៉ោងមុននឹងធ្វើការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ហើយការចាក់លើកទីពីរគឺប្រើនៅ4ថ្ងៃក្រោយការវះកាត់។ ប្រើឱសថនេះដោយលាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់បរិមាណ5mLសម្រាប់ឱសថ20mg។

      ・កុមារ ប្រើក្នុងកម្រិតសរុប20mg ដោយបែងចែកជា2ដង(ម្ដង10mg) ចាក់បញ្ចូលតាមសរសៃវ៉ែន។ ការចាក់លើកដំបូងគឺប្រើនៅក្នុងអំឡុងពេល2ម៉ោងមុននឹងធ្វើការវះកាត់ផ្លាស់ប្ដូរសរីរាង្គ ហើយការចាក់លើកទីពីរគឺប្រើនៅ4ថ្ងៃក្រោយការវះកាត់។ ប្រើឱសថនេះដោយលាយនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់បរិមាណ2.5mLសម្រាប់ឱសថ10mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・មិនត្រូវទទួលការចាក់វ៉ាក់សាំងរស់(Live vaccine)ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះទេ។

    • ផលរំខាន

      ផលរំខានរួមមាន ការឆ្លងវីរុសសាយតូមេហ្កាឡូ រលាកច្រមុះនិងបំពង់ក ឈឺក្បាល ក្អក ហូរសម្បោរ មានស្លេស្ម រាករូស រមាស់ស្បែក កន្ទួលក្រហមលើស្បែក ក្ដៅខ្លួន រងាញាក់ ឈឺទ្រូង សម្ពាធឈាមកើនឡើង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - កន្ទួលក្រហមលើស្បែក ពិបាកដកដង្ហើម សម្ពាធឈាមចុះទាប (រោគប្រតិកម្មលក្ខណៈស្រួចស្រាវ)

      - ក្ដៅខ្លួន រោគសញ្ញាស្រដៀងនឹងផ្ដាសាយ រួយខ្លួន (ជំងឺឆ្លង)

      - ស្មារតីធ្វេសប្រហែសឬសម្រេចចិត្តធ្លាក់ចុះ ស្ពឹកដៃជើង បាត់បង់ស្មារតី (Progressive multifocal leukoencephalopathy, PML)

      - បរិមាណទឹកនោមថយចុះ ហើម (ជំងឺតម្រងនោមBK virus nephropathy)។

    • អន្តរប្រតិកម្ម

      ・វ៉ាក់សាំងរស់ (Live vaccine) - អាចធ្វើអោយកើតមានជំងឺដែលត្រូវបង្ការនោះនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពប្រព័ន្ធភាពស៊ាំកំពុងធ្លាក់ចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・វ៉ាក់សាំងអសកម្ម (Inactivated vaccine) - អាចធ្វើអោយប្រសិទ្ធិភាពវ៉ាក់សាំងថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន គួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ប្រព័ន្ធភាពស៊ាំមានការធ្លាក់ចុះ ធ្វើអោយអ្នកជំងឺងាយនឹងឆ្លងមេរោគ ដូច្នេះ អ្នកជំងឺគួរអនុវត្តការលាងដៃ ការខ្ពុរមាត់ ការដុសធ្មេញ ជាដើម ដើម្បីរក្សាអនាម័យអោយបានខ្ជាប់ខ្ជួន។

      ・ត្រូវប្រុងប្រយ័ត្ននៅពេលអ្នកជំងឺត្រូវទទួលការចាក់វ៉ាក់សាំង។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពភ្ជាប់នៃកោសិកាT (T Cells) ទៅនឹងគ្រឿងទទួលIL-2 (IL-2 receptor) ធ្វើអោយរារាំងដល់ដំណើរការកើនចំនួននិងបញ្ចេញសកម្មភាពរបស់កោសិកាT ដើម្បីទប់ស្កាត់ប្រតិកម្មបដិសេធដែលកើតឡើងលក្ខណៈស្រួចស្រាវនៅក្រោយការវះកាត់ផ្លាស់ប្ដូរតម្រងនោម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp