Baclofen

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈស្ពឹកសាច់ដុំលក្ខណៈកន្ត្រាក់ ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម:ជំងឺទាក់ទងនឹងសរសៃឈាមក្នុងខួរក្បាលឬខួរឆ្អឹង, ជំងឺទាក់ទងនឹងឆ្អឹងកងក, ជំងឺស្ពឹកសាច់ដុំដោយសារការប៉ះពាល់ខួរក្បាល(Cerebral palsy)កើតនៅលើកុមារ, អាការៈស្ពឹកលក្ខណៈកន្ត្រាក់ទាក់ទងនឹងខួរឆ្អឹង, ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis), ជំងឺSpinocerebellar degeneration, រោគសញ្ញាបន្សល់ក្រោយរបួសពីការប៉ះទង្គិច(ការប៉ះទង្គិចខួរឆ្អឹង ការប៉ះទង្គិចក្បាល), រោគសញ្ញាបន្សល់ក្រោយពីការវះកាត់(រួមទាំងជំងឺមហារីកខួរក្បាលឬខួរឆ្អឹង) និង ជំងឺទាក់ទងនឹងខួរក្បាលឬសាច់ដុំផ្សេងទៀត។

      ករណីថ្នាំចាក់បញ្ចូលតាមខួរឆ្អឹង:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈស្ពឹកសាច់ដុំលក្ខណៈកន្ត្រាក់កម្រិតធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺទាក់ទងនឹងខួរក្បាលឬខួរឆ្អឹង (ករណីវិធីព្យាបាលដែលកំពុងទទួលមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់តែប៉ុណ្ណោះ)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      - មនុស្សពេញវ័យ:នៅលើកដំបូង លេប1ថ្ងៃ5~15mg បែងចែកជា1~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ បន្ទាប់ពីនោះ សង្កេតមើលរោគសញ្ញារបស់អ្នកជំងឺ ដោយអាចបង្កើនកម្រិតម្ដង5~10mg/ថ្ងៃ រៀងរាល់2~3ថ្ងៃ រហូតដល់កម្រិតប្រើប្រាស់ជាស្តង់ដារគឺ1ថ្ងៃ30mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។

      - កុមារ:នៅលើកដំបូង លេប1ថ្ងៃ5mg បែងចែកជា1~2ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ បន្ទាប់ពីនោះ សង្កេតមើលរោគសញ្ញារបស់អ្នកជំងឺ ដោយអាចបង្កើនកម្រិតម្ដង5mg/ថ្ងៃ រៀងរាល់2~3ថ្ងៃ រហូតដល់កម្រិតប្រើប្រាស់ជាស្តង់ដារគឺ៖

      + កុមារអាយុ4~6ឆ្នាំ:1ថ្ងៃ 5~15mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។

      + កុមារអាយុ7~11ឆ្នាំ:1ថ្ងៃ 5~20mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។

      + កុមារអាយុ12~15ឆ្នាំ:1ថ្ងៃ 5~25mg បែងចែកជា2~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំចាក់បញ្ចូលតាមខួរឆ្អឹង:

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកើតមានជំងឺឆ្លងនៅមុនពេលបញ្ចូលឧបករណ៍Pump system។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង អស់កម្លាំង ចង់ក្អួត បាត់បង់ចំណង់អាហារ វិលមុខ ឈឺក្បាល ធ្ងន់ក្បាល ឡើងកន្ទួលក្រហម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - មើលឃើញរួបភាពឬស្ដាប់លឺសម្លេងដែលមិនមានពិត (អាការៈរវើរវាយដោយសារការញៀនឱសថ)

      - ពិបាកផ្ដុំអារម្មណ៍គិត មិនស្គាល់ពេលវេលាឬទីកន្លែង (អាការៈវង្វេងវង្វាន់ដោយសារការញៀនឱសថ)

      - ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកសម្រេចចិត្ត ពិបាកដកដង្ហើម (បាត់បង់ស្មារតី ប៉ះពាល់ប្រព័ន្ធដំណកដង្ហើម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយកើតមានអាការៈសម្ពាធឈាមចុះទាបខ្លាំង។

      ・ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធសរសៃប្រសាទកណ្ដាល (ឱសថជំនួយការគេងលក់, ឱសថព្យាបាលអាការៈអារម្មណ៍មិនស្ងប់, ឱសថសណ្ដំ ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថបំបាត់ការឈឺចាប់ប្រភេទអូភីអ័យ(Opioid analgesic) (ឱសថMorphine ជាដើម) - អាចធ្វើអោយកើតមានអាការៈសម្ពាធឈាមចុះទាបឬប៉ះពាល់ប្រព័ន្ធដំណកដង្ហើម។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីថ្នាំលេប:

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយកើតមានអាការៈងងុយគេងខ្លាំង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ករណីថ្នាំចាក់បញ្ចូលតាមខួរឆ្អឹង:

      ・ការចាក់បញ្ចូលឱសថនេះត្រូវការឧបករណ៍Pump system ដូច្នេះ ត្រូវស្វែងយល់អំពីដំណើរការនៃឧបករណ៍នេះអោយបានច្បាស់លាស់។

      ・នៅពេលបញ្ឈប់ការប្រើប្រាស់ឱសថនេះ បន្ទាប់ពីប្រើអស់រយៈពេលយូរមក អាចធ្វើអោយកើតមានអាការៈញៀននឹងឱសថនេះ ដូចជា ក្ដៅខ្លួនខ្លាំង ស្មារតីប្រែប្រួល កន្ត្រាក់សាច់ដុំខ្លាំង ជាដើម ឬអាចមានគ្រោះថ្នាក់ដល់ជីវិត ដូច្នេះ ត្រូវប្រុងប្រយ័ត្នជាពិសេសនៅពេលត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទៅលើស៊ីណាប់(Synapse)នៃសរសៃប្រសាទខួរឆ្អឹង ព្រមទាំងកាត់បន្ថយសកម្មភាពនៃណឺរ៉ូនចលនាγ (Motor neurons) ដើម្បីបន្ធូរអាការៈកន្ត្រាក់ រឹង ឬស្ពឹកនៃសាច់ដុំ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp