Atropine sulfate hydrate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - រោគសញ្ញានៃការបញ្ចេញជាតិអាស៊ីតក្នុងក្រពះឬចលនាក្រពះពោះវៀនកើនឡើង ដែលកើតមាននៅក្នុងជំងឺដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer)។

      - អាការៈឈឺចាប់បណ្ដាលមកពីការកន្ត្រាក់នៃក្រពះពោះវៀន។

      - អាការៈទល់លាមកលក្ខណៈពោះវៀនកន្ត្រាក់។

      - អាការៈឈឺចាប់នៅតាមបំពង់ទឹកប្រមាត់ឬបំពង់នោម។

      - អាការៈពុលថ្នាំសម្លាប់សត្វល្អិតប្រភេទOrganophosphorus pesticidesឬឱសថដែលមានសកម្មភាពភ្ញោចប្រព័ន្ធសរសៃប្រសាទប៉ារ៉ាស៊ីមប៉ាសេទិច(Parasympathetic nervous system)។

      - អាការៈជីពចរខ្សោយឬបញ្ហានៃការបញ្ជូនសញ្ញារវាងថតលើក្រោមនៃបេះដូង ដែលទាក់ទងនឹងសរសៃប្រសាទVagus ឬទាក់ទងនឹងមូលហេតុផ្សេងទៀត។

      - អាការៈនោមយប់ (Nocturnal enuresis)។

      - បណ្ដុំរោគសញ្ញាប៉ាឃីនសុនដែលមិនមែនកើតឡើងដោយសារការប្រើប្រាស់ឱសថ(Non-drug-induced Parkinsonism)។

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។

      ករណីថ្នាំដាក់ភ្នែក:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការពង្រីកកូនក្រមុំភ្នែកសម្រាប់ធ្វើរោគវិនិច្ឆ័យឬព្យាបាលជំងឺភ្នែកមួយចំនួន។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈនៃការបញ្ចេញជាតិអាស៊ីតក្នុងក្រពះឬចលនាក្រពះពោះវៀនកើនឡើង ដែលកើតមាននៅក្នុងជំងឺដំបៅក្រពះឬដំបៅគល់ពោះវៀនតូច(Duodenal ulcer)។

      - អាការៈឈឺចាប់បណ្ដាលមកពីការកន្ត្រាក់នៃក្រពះពោះវៀន។

      - អាការៈទល់លាមកលក្ខណៈពោះវៀនកន្ត្រាក់។

      - អាការៈឈឺចាប់នៅតាមបំពង់ទឹកប្រមាត់ឬបំពង់នោម។

      - អាការៈពុលថ្នាំសម្លាប់សត្វល្អិតប្រភេទOrganophosphorus pesticidesឬឱសថដែលមានសកម្មភាពភ្ញោចប្រព័ន្ធសរសៃប្រសាទប៉ារ៉ស៊ីមប៉ាសេទិច (Parasympathetic nervous system)។

      - អាការៈជីពចរខ្សោយឬបញ្ហានៃការបញ្ជូនសញ្ញារវាងថតលើក្រោមនៃបេះដូង ដែលទាក់ទងនឹងសរសៃប្រសាទVagus ឬទាក់ទងនឹងមូលហេតុផ្សេងទៀត

      - ប្រើនៅមុនពេលអនុវត្តការសណ្ដំ ឬ មុនECT។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ 1.5mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ចំពោះបណ្ដុំរោគសញ្ញាប៉ាឃីនសុនដែលមិនមែនកើតឡើងដោយសារការប្រើប្រាស់ឱសថ(Non-drug-induced Parkinsonism) ប្រើដោយលេប1ថ្ងៃ0.5~1mg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ និង អាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំដាក់ភ្នែក:

      ・ថ្នាំបន្តក់ភ្នែក (01%):បន្តក់ក្នុងភ្នែក1ថ្ងៃ1~3ដង 1ដង1~2តំណក់។

      ・ក្រមួនដាក់ភ្នែក (1%):ប្រើ1ថ្ងៃ1~3ដង លាបនៅផ្នេកConjunctival sacនៃភ្នែក ក្នុងបរិមាណសមស្រប។

      ករណីថ្នាំចាក់:

      មនុស្សពេញវ័យ:ជាទូទៅ ប្រើ1ដង0.5mg ចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ ក្នុងករណីខ្លះ ក៏អាចប្រើដោយចាក់តាមសរសៃវ៉ែនបានផងដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ចំពោះអាការៈពុលថ្នាំសម្លាប់សត្វល្អិតប្រភេទOrganophosphorus pesticides ត្រូវកំណត់កម្រិតប្រើប្រាស់ទៅតាមរោគសញ្ញាដូចខាងក្រោម៖

      + រោគសញ្ញាកម្រិតស្រាល:ប្រើ0.5~1mg ចាក់ក្រោមស្បែក ឬ លេបក្នុងកម្រិត0.5~1mg។

      + រោគសញ្ញាកម្រិតមធ្យម:ប្រើ1~2mg ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។ ប្រសិនបើចាំបាច់ អាចប្រើក្នុងកម្រិតដដែលនៅរៀងរាល់20~30នាទីបន្ទាប់ពីនោះ។

      + រោគសញ្ញាកម្រិតធ្ងន់ធ្ងរ:នៅលើកដំបូង ប្រើ2~4mg ចាក់តាមសរសៃវ៉ែន។ បន្ទាប់ពីនោះ ទៅតាមរោគសញ្ញា អាចបន្តចាក់ម្ដងហើយម្ដងទៀតរហូតដល់កម្រិតឆ្អែតនៃឱសថនេះ។

      ・ចំពោះការប្រើនៅមុនECT: មនុស្សពេញវ័យ ប្រើ1ដង0.5mg ចាក់ក្រោមស្បែកឬក្នុងសាច់ដុំឬតាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ករណីថ្នាំលេប:

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)។

      ・អ្នកដែលមានបញ្ហាក្នុងការបញ្ចេញទឹកនោមដោយសារជំងឺរីកក្រពេញប្រូស្តាត។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីថ្នាំដាក់ភ្នែក:

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma) ឬ មានកត្តាមូលហេតុធ្វើអោយសម្ពាធភ្នែកកើនឡើង។

      ករណីថ្នាំចាក់:

      ・អ្នកដែលមានជំងឺក្លូកូម(Glaucoma)។

      ・អ្នកដែលមានបញ្ហាក្នុងការបញ្ចេញទឹកនោមដោយសារជំងឺរីកក្រពេញប្រូស្តាត។

      ・អ្នកដែលមានជំងឺស្ទះពោះវៀនលក្ខណៈស្ពឹក(Paralytic ileus)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ករណីថ្នាំលេប:

      ផលរំខានរួមមាន ភ្នែកមើលមិនសូវច្បាស់ ឡើងកន្ទួលក្រហម រមាស់ស្បែក ស្ងួតក ចង់ក្អួត ក្អួត ទល់លាមក ឈឺក្បាល ធ្ងន់ក្បាល វិលមុខ ពិបាកនោម ។ល។

      ករណីថ្នាំដាក់ភ្នែក:

      ផលរំខានរួមមាន រលាកភ្នែក សម្ពាធភ្នែកកើនឡើង សម្ពាធឈាមកើនឡើង រវើរវាយ ចង់ក្អួត ក្អួត ស្ងួតក ទល់លាមក ឈឺក្បាល ក្ដៅខ្លួន មុខក្រហម។ល។

      ករណីថ្នាំចាក់:

      ផលរំខានរួមមាន កូនក្រមុំរីក ពិបាកមើល ជំងឺក្លូកូម(Glaucoma) ស្ងួតក ចង់ក្អួត ក្អួត ពិបាកលេបអាហារ ទល់លាមក ពិបាកនោម ឈឺក្បាល ធ្ងន់ក្បាល បេះដូងលោតញាប់ ពិបាកដកដង្ហើម ពិបាកចងចាំ ឡើងកន្ទួលក្រហម មុខក្រហម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ជីពចរដើរញាប់ ក្រហមពេញខ្លួន បែកញើស ហើមមុខ (អាការៈស្រដៀងនឹងរោគប្រតិកម្មធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ករណីថ្នាំលេប:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants(Amitriptyline, Imipramine ជាដើម), ឱសថប្រភេទPhenothiazines(Chlorpromazine, Fluphenazine ជាដើម), ឱសថប្រឆាំងសារធាតុហ៊ីស្តាមីន(Antihistamines), ឱសថIsoniazid, ឱសថប្រភេទទប់ស្កាត់អង់ស៊ីមMAO(Safrazine) - អាចធ្វើអោយសកម្មភាពប្រឆាំងអាសេទីលកូលីនកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថប្រភេទDigitalis (Digoxin, Digitoxin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ករណីថ្នាំដាក់ភ្នែក:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants(Amitriptyline, Imipramine ជាដើម), ឱសថប្រភេទPhenothiazines(Chlorpromazine, Fluphenazine ជាដើម), ឱសថប្រឆាំងសារធាតុហ៊ីស្តាមីន(Antihistamines) - អាចធ្វើអោយសកម្មភាពនៃឱសថAtropine sulfate hydrateកើនឡើង។

      ករណីថ្នាំចាក់:

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants(Amitriptyline, Imipramine ជាដើម), ឱសថប្រភេទPhenothiazines(Chlorpromazine, Fluphenazine ជាដើម), ឱសថប្រឆាំងសារធាតុហ៊ីស្តាមីន(Antihistamines), ឱសថIsoniazid, ឱសថប្រភេទទប់ស្កាត់អង់ស៊ីមMAO(Safrazine) - អាចធ្វើអោយសកម្មភាពប្រឆាំងអាសេទីលកូលីនកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថប្រភេទDigitalis (Digoxin, Digitoxin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថPralidoxime methiodide(PAM) - អាចពន្យារពេលនៃការបង្ហាញប្រសិទ្ធិភាពនៃឱសថAtropine sulfate hydrateនៅពេលលាយឱសថទាំងនេះជាមួយគ្នា។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ករណីថ្នាំលេប និង ថ្នាំចាក់:

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះ ព្រោះអាចធ្វើអោយមានបញ្ហាដល់ចង្វាក់បេះដូងរបស់ទារក។ ម្យ៉ាងទៀត ឱសថនេះអាចធ្វើអោយការបញ្ចេញទឹកដោះមានលក្ខណៈថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ភ្នែកមើលមិនសូវច្បាស់ ស្រវាំងភ្នែក ចាំងភ្នែកខ្លាំង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ការចាក់តាមសាច់ដុំអាចមានឥទ្ធិពលទៅលើតម្លៃCPK ដូច្នេះមិនអនុវត្តការវាស់តម្លៃCPKនោះទេ

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលមូស្កាលីននៃសារធាតុអាសេទីលកូលីន(Muscarinic acetylcholine receptors, mAchR) ដើម្បីទប់ស្កាត់ការភ្ជាប់និងភ្ញោចនៃសារធាតុអាសេទីលកូលីនទៅនឹងគ្រឿងទទួលរបស់វា។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp