Artemether + Lumefantrine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលឬបង្ការជំងឺគ្រុនចាញ់។

      ឱសថនេះមានប្រសិទ្ធិភាពកម្ចាត់ប៉ារ៉ាស៊ីតដែលកំពុងជ្រៀតចូលក្នុងគ្រាប់ឈាមក្រហមរបស់អ្នកជំងឺ ប៉ុន្តែ មិនមានប្រសិទ្ធិភាពកម្ចាត់ប៉ារ៉ាស៊ីតដែលស្ថិតនៅជាទម្រង់Hypnozoite(ដំណាក់កាលសម្ងំ)នោះទេ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថនេះ1គ្រាប់ រួមមាន៖ Artemether 20mg និង Lumefantrine 120mg។

      កំណត់កម្រិតប្រើប្រាស់ឱសថនេះទៅតាមទម្ងន់របស់អ្នកជំងឺ ក្នុងចន្លោះ 1~4គ្រាប់/ដងសម្រាប់ការលេបលើកដំបូង និង នៅ8ម៉ោងក្រោយការលេបលើកដំបូង។ បន្ទាប់ពីនោះ លេប1ថ្ងៃ2ដង រយៈពេល2ថ្ងៃ (សរុបលេប6ដង)។ លេបឱសថនេះក្រោយបរិភោគអាហាររួចភ្លាម។

      កម្រិតនៃការប្រើប្រាស់ឱសថនេះក្នុង1 ដង ត្រូវកំណត់ទៅតាមទម្ងន់របស់អ្នកជំងឺ ដូចខាងក្រោម៖

      + ទម្ងន់5kg~ក្រោម15kg:20mg/120mg (Artemether/Lumefantrine) (1គ្រាប់)។

      + ទម្ងន់15kg~ក្រោម25kg:40mg/240mg (Artemether/Lumefantrine) (2គ្រាប់)។

      + ទម្ងន់25kg~ក្រោម35kg:60mg/360mg (Artemether/Lumefantrine) (3គ្រាប់)។

      + ទម្ងន់35kgឡើងទៅ:80mg/480mg (Artemether/Lumefantrine) (4គ្រាប់)។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះក្រោម14សប្ដាហ៍ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថRifampicin, Refabutin, Carbamazepine, Phenobarbital, Phenytoin, Fosphenytoin, អាហារបំប៉នដែលមានសារធាតុSt.Johnʼs wort)។

    • ផលរំខាន

      ផលរំខានរួមមាន វិលមុខ បាត់បង់ចំណង់អាហារ ក្អួតចង្អោរ អាការៈខ្វះឈាម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ចង្វាក់បេះដូងលោតញាប់ បាត់បង់ស្មារតី (QTនៃចង្វាក់បេះដូងអូសបន្លាយវែង)។

      - អស់កម្លាំង ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)។

    • អន្តរប្រតិកម្ម

      ・ឱសថRifampicin, Refabutin, Carbamazepine, Phenobarbital, Phenytoin, Fosphenytoin, អាហារបំប៉នដែលមានសារធាតុSt.Johnʼs wort) - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងជំងឺគ្រុញចាញ់ថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលធ្វើអោយQTនៃចង្វាក់បេះដូងអូសបន្លាយវែង (Quinine, Disopyramide, Procainamide, Quinidine, Amiodarone, Sotalol, Pimozide, Chlorpromazine, Haloperidol, Amitriptyline, Imipramine, Erythromycin, Clarithromycin, Moxifloxacin, Fluconazole, Itraconazole ជាដើម) - អាចធ្វើអោយQTនៃចង្វាក់បេះដូងតែអូសបន្លាយវែង។

      ・ឱសថMefloquine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLumefantrinធ្លាក់ចុះ។

      ・ឱសថEtravirine, Modafinil, Efavirenz, Bosentan - អាចធ្វើអោយកំហាប់ក្នុងឈាមនៃArtemetherនិងLumefantrineធ្លាក់ចុះ នាំអោយប្រសិទ្ធិភាពប្រឆាំងជំងឺគ្រុនចាញ់ថយចុះ។

      ・ឱសថAmprenavir, Fosamprenavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះធ្លាក់ចុះ។

      ・ឱសថLopinavir/Ritonavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃArtemetherធ្លាក់ចុះ និង កំហាប់ក្នុងឈាមនៃLumefantrineកើនឡើង។

      ・ឱសថពន្យារកំណើត - អាចធ្វើអោយប្រសិទ្ធិភាពឱសថពន្យារកំណើតថយចុះ។ ករណីប្រើរួមគ្នា គួរប្រើវិធីពន្យារកំណើតផ្សេងបន្ថែមទៀត។

      ・ក្រូចថ្លុង - សារធាតុនៅក្នុងក្រូចថ្លុងអាចធ្វើអោយកំហាប់ក្នុងឈាមនៃArtemetherនិងLumefantrineកើនឡើង ដូច្នេះគួរចៀសវាងពិសាក្រូចថ្លុងក្នុងអំឡុងពេលប្រើឱសថនេះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះក្រោម14សប្ដាហ៍ឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ស្ត្រីមានផ្ទៃពោះចាប់ពី14សប្ដាហ៍ឡើងទៅ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・កម្រិតប្រើប្រាស់ឱសថនេះ ប្រែប្រួលទៅតាមទម្ងន់របស់អ្នកជំងឺ។

      ・សម្រាប់អ្នកជំងឺជាស្ត្រី មុននឹងចាប់ផ្ដើមប្រើប្រាស់ឱសថនេះ គួរធ្វើការពិនិត្យបញ្ជាក់ថាមិនកំពុងមានផ្ទៃពោះនោះទេ។ ម្យ៉ាងទៀត សូមធ្វើការពន្យារកំណើតក្នុងអំឡុងពេលប្រើនិងក្រោយពេលប្រើឱសថនេះរហូតដល់ពេលមករដូវម្ដងទៀត។

      ・សារធាតុនៅក្នុងក្រូចថ្លុងអាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថនេះកើនឡើងបង្កជាផលរំខានផ្សេងៗ ដូច្នេះ គួរចៀសវាងពិសាក្រូចថ្លុងក្នុងអំឡុងពេលប្រើឱសថនេះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងជំងឺគ្រុនចាញ់ ដែលផ្សំឡើងដោយសារធាតុឱសថចំនួន2 ដែលសកម្មភាពនៃសារធាតុទាំងពីរនេះ នៅមិនទាន់មានទ្រឹស្ដីច្បាស់លាស់នៅឡើយទេ ប៉ុន្តែ មានការស្រាវជ្រាវមួយចំនួនបានបង្ហាញដូចខាងក្រោម:

      - Artemether:មានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់មីតូកុងទ្រីនិងគ្រឿងចម្លងអ៊ីយ៉ុងកាល់ស្យូម(Calcium pump) ព្រមទាំងបង្កើតរ៉ាឌីកាល់សេរី(Free radicals)ប្រឆាំងកោសិការបស់ប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់។

      - Lumefantrine:មានប្រសិទ្ធិភាពបង្អាក់សកម្មភាពបំលែងម៉ូលេគុលហែមនៃគ្រាប់ឈាមក្រហមដែលមានប៉ារ៉ាស៊ីតស្ថិតនៅក្នុងនោះ ធ្វើអោយកម្រិតនៃម៉ូលេគុលហែមកើនឡើងនិងមានឥទ្ធិពលកម្ចាត់ប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp