Amrubicin hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសួតប្រភេទNon-small-cell lung cancer និង ប្រភេទSmall-cell lung cancer។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ ប្រើក្នុងកម្រិត45mg/m2 (ផ្ទៃក្រឡារាងកាយ) ដោយលាយជាមួយសេរ៉ូមប្រៃ(Saline)ឬសេរ៉ូមគ្លុយកូស5%ចំណុះប្រហែល20mL រួចចាក់សូលុយស្យុងនោះ1ថ្ងៃ1ដងតាមសរសៃវ៉ែន រយៈពេល3ថ្ងៃជាប់ៗគ្នា។ បន្ទាប់ពីនោះ ផ្អាកការប្រើឱសថនេះរយៈពេល3~4សប្ដាហ៍។ អនុវត្តវដ្ដបែបនេះម្ដងហើយម្ដងទៀត។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលមានមុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងធ្លាក់ចុះកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលកំពុងកើតមានជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលរកឃើញថាកំពុងមានជំងឺរលាកសួតប្រភេទInterstitial pneumoniaឬជំងឺក្រិនសួត(Pulmonary fibrosis) តាមរយៈការពិនិត្យទៅលើរូបភាពថតដោយកាំរស្មីអ៊ិចនិងរោគសញ្ញារបស់អ្នកជំងឺ។
・អ្នកដែលកំពុងឬធ្លាប់មានបញ្ហាទាក់ទងនឹងមុខងារបេះដូង។
・អ្នកដែលកំពុងទទួលការព្យាបាលដោយប្រើឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracyclineផ្សេងទៀតជាដើម) ដល់កម្រិតអតិបរមា (ឧទាហរណ៍ ឱសថDaunorubicin hydrochloride កម្រិតអតិបរមាគឺ25mg/kgនៃទម្ងន់រាងកាយ និង ចំពោះឱសថDoxorubicin hydrochloride កម្រិតអតិបរមាគឺ500mg/m2នៃផ្ទៃក្រឡារាងកាយ ហើយចំពោះឱសថPirarubicin hydrochloride កម្រិតអតិបរមាគឺ950mg/m2នៃផ្ទៃក្រឡារាងកាយ)។
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន មិនឃ្លានអាហារ ក្អួត ចង្អោរ ក្ដៅខ្លួន ជ្រុះរោមឬសក់ រាករូស រលាកក្នុងមាត់(ពងបែកក្នុងមាត់)។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺទ្រូង ដង្ហក់ ហើមពេញខ្លួន (ប៉ះពាល់សាច់ដុំបេះដូង)
- រោគសញ្ញាខ្វះឈាម ក្ដៅខ្លួន ងាយហូរឈាម (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង)
- ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- ឈឺនៅចុងដង្ហើម ឈឺនៅពេលសង្កត់ ចង់ក្អួត (ដំបៅក្រពះឬគល់ពោះវៀនតូត(Duodenum))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងមហារីកដែលផ្ដល់ផលប៉ះពាល់ដល់បេះដូង (ឱសថប្រភេទAnthracycline) - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ការប្រើវិទ្យុសកម្មទៅលើផ្នែកបេះដូងឬផ្នែកកណ្ដាលទ្រូង(Mediastinum)នៅមុនពេលប្រើឱសថAmrubicin - អាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំបេះដូង។
・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើវិធីពន្យារកំណើត ដើម្បីចៀសវាងការមានផ្ទៃពោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកដោយគីមី។
・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានផលរំខានធ្ងន់ធ្ងរប៉ះពាល់ដល់ខួរឆ្អឹងនិងជំងឺរលាកសួតប្រភេទInterstitial pneumoniaរបស់ឱសថនេះ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពច្រើននៅក្នុងការសម្លាប់កោសិកាខុសប្រក្រតី ដូចជា វាជម្រុញការជ្រៀតចូលទៅក្នុងច្រវាក់DNA(Intercalation) រារាំងសកម្មភាពរបស់អង់ស៊ីមTopoisomeraseII កាត់ផ្ដាច់ច្រវាក់DNA និង ផលិតរ៉ាឌីកាល់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp