Ampicillin sodium + Sulbactam
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត ជំងឺរលាកប្លោកនោម ជំងឺរលាកស្រោមពោះ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
- ក្នុងឱសថ0.75g រួមមាន៖ Ampicillin sodium 0.5g, Sulbactam sodium 0.25g
- ក្នុងឱសថ1.5g រួមមាន៖ Ampicillin sodium 1g, Sulbactam sodium 0.5g
- ក្នុងឱសថ3g រួមមាន៖ Ampicillin sodium 2g, Sulbactam sodium 1g
・ជំងឺរលាកសួត ខ្ទុះក្នុងសួត រលាកស្រោមពោះ:ប្រើ1ថ្ងៃ6g បែងចែកជា2ដងក្នុង1ថ្ងៃ ដោយចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។ អាចបង្កើនកម្រិតប្រើប្រាស់ក្នុងករណីជាជំងឺឆ្លងធ្ងន់ធ្ងរ ប៉ុន្តែ កម្រិតអតិបរមាគឺ1ដង3g 1ថ្ងៃ4ដង(12g)។
・ជំងឺរលាកប្លោកនោម:ប្រើ1ថ្ងៃ3g បែងចែកជា2ដងក្នុង1ថ្ងៃ ចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
ចំពោះកុមារ ប្រើ1ថ្ងៃ60~150mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ ដោយចាក់តាមសរសៃវ៉ែនឬព្យួរសេរ៉ូមតាមសរសៃវ៉ែន។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានជំងឺ Infectious mononucleosis ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ស្នាមក្រហមលើស្បែក ហើមមុខឬបំពង់ក ឡើងកន្ទួលក្រហម រមាស់។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ក្តៅមុខមាត់និងតាមរាងកាយ រមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួនខ្លាំង ស្បែកឡើងក្រហម ដំបៅក្នុងមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome))
- ងាយហូរឈាម ឈាមក្រកក មានស្នាមជាំ អស់កម្លាំង (ជំងឺទាក់ទងនឹងមុខងារឈាម)
- ឈឺពោះ រាករូសមានលាយឈាម (ជំងឺរលាកពោះវៀនធំមានហូរឈាម)
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ថ្នាំបញ្ចុះជាតិអាស៊ីតAllopurinol - អាចធ្វើអោយហានិភ័យនៃការកើតមានផលរំខានកើនឡើង
・ថ្នាំប្រឆាំងកំណកឈាម - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង
・ថ្នាំពន្យារកំណើត - អាចធ្វើអោយប្រសិទ្ធិភាពថ្នាំពន្យារកំណើតថយចុះ
・ថ្នាំព្យាបាលជំងឺរលាកសន្លាក់Rheumatism (ថ្នាំMethotrexate) - អាចកាត់បន្ថយការបញ្ចេញចោលនៃថ្នាំMethotrexate ធ្វើអោយកម្រិតនៃសារធាតុថ្នាំនៅក្នុងឈាមកើនឡើង
・ថ្នាំបញ្ចុះជាតិអាស៊ីតProbenecid - អាចធ្វើអោយហានិភ័យនៃការកើតមានផលរំខានកើនឡើង
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលលាយថ្នាំចាក់ - ត្រូវប្រើភ្លាមៗបន្ទាប់ពីការរលាយ
・នៅពេលចាក់បញ្ចូលថ្នាំ - អាចបង្កអាការៈឈឺចាប់ឬរលាកនៅសរសៃឈាម ឬបង្កជាកំណកឈាម ដូច្នេះ ត្រូវប្រុងប្រយ័ត្នអំពីផ្នែកនៃរាងកាយដែលត្រូវចាក់ របៀបចាក់ និង ត្រូវចាក់បញ្ចូលដោយយឺតៗតាមដែលអាចធ្វើទៅបាន
・Ampicillin និង ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside អាចមានប្រតិកម្មនឹងគ្នា ដូច្នេះមិនត្រូវលាយបញ្ចូលគ្នាទេ។ ប្រសិនបើត្រូវប្រើរួមគ្នា គួរចាក់បញ្ចូលផ្សេងពីគ្នានិងនៅកន្លែងខុសគ្នា ឬ ចាក់ខុសពេលវេលាគ្នារយៈពេលប្រហែល 1 ម៉ោង។
-
សកម្មភាពឱសថ
Ampicillin sodium ជាឱសថប្រឆាំងបាក់តេរីប្រភេទពេនីស៊ីលីន ដោយបង្អាក់សកម្មភាពបង្កើតភ្នាសកោសិការបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចកើនចំនួនបាន។
Sulbactam ជាសារធាតុដែលមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមβ-lactamase ធ្វើអោយប្រសិទ្ធិភាពប្រឆាំងមេរោគមានលំនឹង មិនងាយបាត់បង់ប្រសិទ្ធិភាព។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp