Amphotericin B
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំទឹក;
ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការកើនឡើងមេរោគផ្សិតCandidaនៅតាមប្រព័ន្ធរំលាយអាហារ។
ឱសថនេះនឹងមិនត្រូវបានស្រូបចូលក្នុងរាងកាយតាមប្រព័ន្ធរំលាយអាហារនោះទេ ដូច្នេះឱសថនេះមិនមានប្រសិទ្ធិភាពកម្ចាត់ជំងឺមេរោគផ្សិតCandidaនៅផ្នែកផ្សេងទៀតនៃរាងកាយនោះទេ។
ករណីថ្នាំចាក់:ដែលមិនប្រើបច្ចេកទេសDDS (Amphotericin B):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងមេរោគផ្សិតស្ថិតនៅជ្រៅក្នុងរាងកាយ។
ករណីថ្នាំចាក់ដែលប្រើបច្ចេកទេសDDS ( Liposomal amphotericin B):
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម:
- ជំងឺឆ្លងមេរោគផ្សិតនៅក្នុងឈាម តាមប្រព័ន្ធផ្លូវដង្ហើម ស្រោមខួរ និង ជំងឺឆ្លងមេរោគផ្សិតច្រើនកន្លែង។
- ជំងឺគ្រាប់ឈាមសNeutrophilធ្លាក់ចុះជាមួយនឹងអាការៈក្ដៅខ្លួន(Febrile neutropenia) ដែលគេសង្ស័យថាបណ្ដាលមកពីការឆ្លងមេរោគផ្សិត
- ជំងឺបណ្ដាលមកពីសត្វល្អិតLeishmania (Leishmaniasis)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំទឹក(100mg/mL):
កុមារ:ពិសារ1ដង 50~100mg (ត្រូវនឹង0.5~1mL), 1ថ្ងៃ2~4ដង ក្រោយបរិភោគអាហារ។
ករណីថ្នាំចាក់:
ករណីថ្នាំចាក់ដែលមិនប្រើបច្ចេកទេសDDS (Amphotericin B):
・ករណីចាក់តាមសរសៃវ៉ែន:
ចាប់ផ្ដើមប្រើនៅលើកដំបូងពីកម្រិត1ថ្ងៃ0.25mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត1ថ្ងៃ0.5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន និង សង្កេតមើលរោគសញ្ញារបស់អ្នកជំងឺ។ កម្រិតអតិបរមាប្រើរៀងរាល់ថ្ងៃគឺ1ថ្ងៃ1mg/kg ឬ ប្រើ2ថ្ងៃម្ដងគឺ1.5mg/kg។ ករណីពិបាកប្រើឱសថដោយសារកើតមានផលរំខាន ត្រូវប្រើនៅលើកដំបូងក្នុងកម្រិត1ថ្ងៃ1mg បន្ទាប់ពីនោះ សង្កេតមើលរោគសញ្ញារបស់អ្នកជំងឺ ដោយបង្កើនកម្រិតឱសថបន្តិចម្ដងៗ រហូតដល់កម្រិត1ថ្ងៃ50mg ប្រើរៀងរាល់ថ្ងៃឬ2ថ្ងៃម្ដង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ការព្យរសេរ៉ូម ត្រូវប្រើរយៈពេលយ៉ាងហោចណាស់3~6ម៉ោងក្នុងល្បឿនយឺត។
・ករណីចាក់បញ្ចូលក្នុងបំពង់ខ្យល់:
ចាប់ផ្ដើមប្រើនៅលើកដំបូងពីកម្រិត1ថ្ងៃ1mgឬ5~10mg។ បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗដល់1ថ្ងៃ10~20mg ដោយប្រើ2ថ្ងៃម្ដង។
・ករណីចាក់បញ្ចូលក្នុងស្រោមទ្រូង:
ចាប់ផ្ដើមប្រើនៅលើកដំបូងពីកម្រិត1ថ្ងៃ1mg។ បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗដល់1ថ្ងៃ5~20mg ដោយប្រើ1សប្ដាហ៍1~3ដង ចាក់បញ្ចូលក្នុងស្រោមទ្រូង ក្រោយបញ្ចេញទឹកអស់ពីទ្រូង។
・ករណីចាក់បញ្ចូលក្នុងចន្លោះខួរឆ្អឹង:
ប្រើក្នុងកម្រិត1ដង0.25~1mg ក្នុងបរិមាណមិនអោយលើសទឹកខួរឆ្អឹងដែលបូមចេញ។ បង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗនិងប្រើ1ថ្ងៃ1ដង នៅរៀងរាល់2ថ្ងៃម្ដងឬ3ថ្ងៃម្ដង។ ចាក់បញ្ចូលឱសថដោយយឺតៗ។
・ករណីចាក់បញ្ចូលក្នុងប្លោកនោម:
លាយឱសថនេះ15~20mgនៅក្នុងទឹកសម្រាប់លាយថ្នាំចាក់100mL។ បញ្ចេញទឹកនោមអស់ពីប្លោកនោម មុននឹងបញ្ចូលឱសថនេះដោយប្រើCatheterឆ្លងកាត់បង្ហួរនោម 1ថ្ងៃ1~2ដង។ ក្រោយបញ្ចូលឱសថក្នុងប្លោកនោម គួររក្សាឱសថអោយនៅក្នុងប្លោកនោមរយៈពេលយ៉ាងហោចណាស់1ម៉ោង(2~3ម៉ោង) ។
・ករណីចាក់ក្នុងស្បែក:
ប្រើ0.5~2mg ចាក់នៅក្នុងស្បែកឬក្រោមស្បែកនៃផ្នែកដែលមានបញ្ហា។ កម្រិតអតិបរមាប្រើក្នុង1ដងគឺ50mg ដោយទុកគម្លាតនៃការប្រើឱសថនេះរយៈពេល10~30ថ្ងៃ។
・ករណីស្រូបតាមផ្លូវដង្ហើម:
លាយឱសថនេះ50mgជាមួយទឹកសម្រាប់លាយថ្នាំចាក់10~20mL អោយបានកំហាប់2.5~5mg/mL។ ស្រូប1ថ្ងៃ2~5ដង និង បន្តអនុវត្តរយៈពេល1~2ខែ។
សម្គាល់:ត្រូវលាយឱសថទៅតាមទម្រង់នៃការប្រើប្រាស់នីមួយៗ។
ករណីថ្នាំចាក់:ដែលប្រើបច្ចេកទេសDDS ( Liposomal amphotericin B):
・ជំងឺឆ្លងមេរោគផ្សិត:
ប្រើ1ថ្ងៃ1ដង 2.5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1~2ម៉ោងឡើងទៅ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ5mg/kg។ ករណីជំងឺរលាកស្រោមខួរដោយសារគ្រីបតូកុក(Cryptococcal meningitis) កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ6mg/kg។
・ជំងឺគ្រាប់ឈាមសNeutrophilធ្លាក់ចុះជាមួយនឹងអាការៈក្ដៅខ្លួន(Febrile neutropenia) ដែលគេសង្ស័យថាបណ្ដាលមកពីការឆ្លងមេរោគផ្សិត:
ប្រើ1ថ្ងៃ1ដង 2.5mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1~2ម៉ោងឡើងទៅ។
・ជំងឺបណ្ដាលមកពីសត្វល្អិតLeishmania (Leishmaniasis):
+ ចំពោះអ្នកជំងឺដែលមានប្រព័ន្ធភាស៊ាំធម្មតា:ប្រើ1ថ្ងៃ1ដង 2.5mg/kg នៅថ្ងៃទី1~5រៀងរាល់ថ្ងៃ នៅថ្ងៃទី14 និង នៅថ្ងៃទី21 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1~2ម៉ោងឡើងទៅ។
+ ចំពោះអ្នកជំងឺដែលមានប្រព័ន្ធភាស៊ាំចុះខ្សោយ:ប្រើ1ថ្ងៃ1ដង 4.0mg/kg នៅថ្ងៃទី1~5រៀងរាល់ថ្ងៃ នៅថ្ងៃទី10 ទី17 ទី24 ទី31 និង នៅថ្ងៃទី38 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1~2ម៉ោងឡើងទៅ។
-
ហាមប្រើ
ករណីថ្នាំលេប ជាប្រភេទទឹក:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
ករណីថ្នាំចាក់(ប្រើរឺមិនប្រើបច្ចេកទេសDDS):
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកជំងឺដែលកំពុងទទួលការបញ្ចូលឈាមនៃគ្រាប់ឈាមសឬក្រោយទទួលភ្លាមៗ។
-
ផលរំខាន
ករណីថ្នាំលេប ជាប្រភេទទឹក:
ផលរំខានរួមមាន បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ហើមពោះ រាករូស រមាស់លើស្បែក រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) ក្ដៅខ្លួន ឡើងកន្ទួលក្រហម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ស្នាមក្រហមលើស្បែក ពងទឹកលើស្បែក ភ្នែកក្រហម ឡើងកន្ទួលនៅតាមមាត់និងឈឺ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)
ករណីថ្នាំចាក់(ប្រើរឺមិនប្រើបច្ចេកទេសDDS):
ផលរំខានរួមមាន ក្អួតចង្អោរ រងាញាក់ ក្ដៅខ្លួន រាករូស ហើមបបូរមាត់ឬត្របកភ្នែកឬអណ្ដាតឬមុខ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទឹកមុខស្លេកស្លាំង ពិបាកដកដង្ហើម រមាស់លើស្បែក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- អារម្មណ៍ខុសប្រក្រតីក្នុងបំពង់ក ពិបាកលេប ពិបាកដកដង្ហើម (រោគប្រតិកម្មនៅក្នុងពេលកំពុងចាក់បញ្ចូលថ្នាំ)
- បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (ផលប៉ះពាល់តម្រងនោមធ្ងន់ធ្ងរ)
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកឡើងពណ៌លឿង (មុខងារថ្លើមថយចុះ ខាន់លឿង)
- ចង្វាក់បេះដូងខុសប្រក្រតី អស់កម្លាំង (អាការៈនៃកម្រិតប៉ូតាស្យូមក្នុងឈាមទាប)
-
អន្តរប្រតិកម្ម
ករណីថ្នាំចាក់(ប្រើរឺមិនប្រើបច្ចេកទេសDDS):
・ការបញ្ចូលគ្រាប់ឈាមស - ការចាក់ឱសថនេះចូលក្នុងរាងកាយនៅពេលអ្នកជំងឺកំពុងទទួលការបញ្ចូលគ្រាប់ឈាមសឬក្រោយទទួលភ្លាមៗ អាចធ្វើអោយប៉ះពាល់ដល់មុខងារសួតធ្ងន់ធ្ងរ ដូច្នេះ ហាមប្រើរួមគ្នាក្នុងពេលតែមួយ។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថCisplatin, Pentamidine, ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycoside, Cyclosporine, Ganciclovir, Tacrolimus hydrate, Foscarnet sodium hydrate - អាចធ្វើអោយប៉ះពាល់ដល់តម្រងនោម ដូច្នេះ ត្រូវតាមដានមុខងារតម្រងនោមជាប្រចាំ។
・ឱសថប្រភេទAdrenocorticoids, ឱសថACTH - អាចធ្វើអោយកើតមានអាការៈនៃសារធាតុប៉ូតាស្យូមក្នុងឈាមថយចុះ។
・ឱសថArsenic trioxide - អាចធ្វើអោយប៉ះពាល់ដល់មុខងារនៃបេះដូង។
・ឱសថDigitoxin, Digoxin - អាចធ្វើអោយប៉ះពាល់ដល់មុខងារនៃបេះដូង។
・ឱសថព្យាបាលជំងឺArrhythmia - អាចធ្វើអោយប៉ះពាល់ដល់មុខងារនៃបេះដូង។
・ឱសថTubocurarine chloride, Pancuronium - អាចធ្វើអោយប៉ះពាល់ដល់ដំណកដង្ហើម។
・ឱសថFlucytosine - អាចធ្វើអោយផលរំខាននៃFlucytosineចំពោះមុខងារខួរឆ្អឹងកើនឡើង។
・ឱសថបញ្ចុះទឹកនោម(Furosemideជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម។
・វិធីព្យាបាលដោយប្រើវិទ្យុសកម្មចំពោះផ្នែកក្បាល - អាចធ្វើអោយប៉ះពាល់ដល់ខួរក្បាល (Leukoencephalophathy)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំលេប ជាប្រភេទទឹក:
・សូមក្រឡុកថ្នាំអោយបានសព្វមុននឹងប្រើ។
・ករណីមេរោគផ្សិតCandidaកើតមាននៅក្នុងមាត់ សូមបៀមថ្នាំនៅក្នុងមាត់ទុកអោយបានយូរមុននឹងលេបចូលក្នុងពោះ។
・ការប្រើឱសថនេះ អាចធ្វើអោយធ្មេញមានពណ៌លឿង ប៉ុន្តែគេអាចបំបាត់ទៅវិញដោយប្រើច្រាសដុសធ្មេញ។
ករណីថ្នាំចាក់(ប្រើរឺមិនប្រើបច្ចេកទេសDDS):
・អាចមានករណីដែលគេមិនអាចលាយឱសថនេះនៅក្នុងសេរ៉ូមប្រៃ ព្រោះអាចនាំអោយឡើងកករ។ សូមពិនិត្យមើលព័ត៌មានបន្ថែមសម្រាប់ការលាយឱសថនេះមុននឹងប្រើ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងមេរោគផ្សិតប្រភេទPolyene antimycotic ដោយមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងភ្នាសខាងក្នុងនៃកោសិការបស់មេរោគ ធ្វើអោយមានលក្ខណៈប្រែប្រួល បណ្ដាលអោយកោសិការបស់មេរោគផ្សិតលេចធ្លាយនិងមិនអាចរស់រានបាន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp