Amitriptyline hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺឬអាការៈបាក់ទឹកចិត្ត(Depression)។

      - អាការៈនោមយប់ដោយមិនដឹងខ្លួន (Nocturnal enuresis ឬ Bedwetting)។

      - អាការៈឈឺចាប់ដោយសារផលប៉ះពាល់សរសៃប្រសាទតាមអវៈយវៈ(Peripheral neuropathy)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺឬអាការៈបាក់ទឹកចិត្ត(Depression):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ30~75mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ រួចបង្កើនកម្រិតបន្តិចម្ដងៗរហូតដល់1ថ្ងៃ150mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចមានករណីដែលត្រូវបង្កើនកម្រិតដល់1ថ្ងៃ300mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីអាការៈនោមយប់ដោយមិនដឹងខ្លួន (Nocturnal enuresis ឬ Bedwetting):

      លេប1ថ្ងៃ10~30mg នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីអាការៈឈឺចាប់ដោយសារផលប៉ះពាល់សរសៃប្រសាទតាមអវៈយវៈ(Peripheral neuropathy):

      មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ10mg។ បន្ទាប់ពីនោះ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ150mg។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទTricyclic antidepressants។

      ・អ្នកជំងឺស្ទះសរសៃឈាមបេះដូងដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការធូរស្បើយ។​

      ・អ្នកដែលមានអាការៈស្ទះផ្លូវទឹកនោម (ជំងឺទាក់ទងនឹងក្រពេញប្រូស្តាត ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឬស្ថិតក្នុងអំឡុងពេល2សប្ដាហ៍បន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថប្រភេទMonoamine oxidase inhibitors (Selegiline hydrochloride, Rasagiline mesilate)។

    • ផលរំខាន

      ផលរំខានរួមមាន ស្ងួតក ងងុយគេង ញ័រដៃជើង វិលមុខ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ ជីពចរដើរលឿន(Syndrome malin)

      - អារម្មណ៍មិនស្ងប់ ស្មារតីកើនឡើងខ្ពស់ ក្ដៅខ្លួន (បណ្ដុំរោគសញ្ញាសេរ៉ូតូនីន(Serotonin syndrome))

      - ថប់និងឈឺក្នុងទ្រូងភ្លាមៗ បែកញើស (ស្ទះសរសៃឈាមក្នុងបេះដូង)

      - មើលឃើញឬស្ដាប់លឺអ្វីដែលមិនមានពិត រវើរវាយ ពិបាកផ្ដុំអារម្មណ៍ ស្មារតីដឹងខ្លួនចុះខ្សោយ (បញ្ហាប៉ះពាល់ស្មារតី)

      - ហើមមុខនិងអណ្ដាត

      - ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ឬ ថយចុះមុខងារខួរឆ្អឹង)

      - បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត ទល់លាមកខ្លាំង ហើមពោះ (ជំងឺស្ទះពោះវៀនធំលក្ខណៈពោះវៀនស្ពឹក)

      - សាច់ដុំកន្ត្រាក់ បាត់បង់ស្មារតី ចង់ក្អួត (SIADH)។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទMonoamine oxidase inhibitors ((Selegiline hydrochloride, Rasagiline mesilate) - អាចធ្វើអោយកើតមានអាការៈបែកញើស នៅមិនស្ងៀម សាច់ដុំកន្ត្រាក់ពេញខ្លួន ក្ដៅខ្លួន បាត់បង់ស្មារតី ជាដើម។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・គ្រឿងស្រវឹង, ឱសថដែលប្រឆាំងសកម្មភាពអាសេទីលកូលីន(ឱសថScopolamine butylbromide) - អាចធ្វើអោយសកម្មភាពនៃAmitriptylineកើនឡើង។

      ・ឱសថដែលបង្កើនសកម្មភាពអាសេទីលកូលីន(ឱសថPilocarpine hydrochloride) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។

      ・ឱសថភ្ញោចគ្រឿងទទួលអាដ្រេណាលីន(ឱសថAdrenaline, Noradrenaline) - អាចធ្វើអោយកើតមានអាការៈ ដូចជា សម្ពាធឈាមកើនឡើង ក្ដៅខ្លួនខុសប្រក្រតី ជាដើម។

      ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAmitriptylineថយចុះនៅពេលស្ថិតក្នុងកម្រិតព្យាបាល និង អាចធ្វើអោយសកម្មភាពនៃAmitriptylineកើនឡើងនៅពេលស្ថិតក្នុងកម្រិតពុល។

      ・ឱសថបញ្ចុះសម្ពាធឈាម(ឱសថGuanethidine, ឱសBethanidine) - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនៃឱសថទាំងនេះថយចុះ។

      ・ឱសថSulfamethoxazole/Trimethoprim - អាចធ្វើអោយសកម្មភាពនៃAmitriptylineថយចុះ។

      ・ឱសថប៉ូតាស្យូម - អាចធ្វើអោយផលរំខាននៃឱសថប៉ូតាស្យូមប៉ះពាល់ដល់ភ្នាសនៃប្រដាប់រំលាយអាហារកើនឡើង។

      ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមនៃWarfarinកើនឡើង។

      ・ឱសថTramadol hydrochloride - អាចធ្វើអោយកើតមានអាការៈកន្ត្រាក់សាច់ដុំ។

      ・ឱសថបញ្ចុះកម្រិតជាតិស្ករក្នុងឈាម (រួមទាំង ថ្នាំចាក់អាំងស៊ុយលីន) - អាចធ្វើអោយសកម្មភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមកើនឡើង។

      ・ឱសថSodium valproate - អាចធ្វើអោយសកម្មភាពនៃឱសថAmitriptylineកើនឡើង។

      ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Carbamazepine, Phenytoin, Rifampicin, Phenobarbital ជាដើម) អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយសកម្មភាពនៃAmitriptylineថយចុះ។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Ritonavir, Fosamprenavir ជាដើម) - អាចធ្វើអោយសកម្មភាពនៃAmitriptylineកើនឡើង។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP2D6 (Fluvoxamine, Paroxetine, Quinidine, Propafenone, Flecainide, Cimetidine, ឱសថប្រភេទPhenothiazine ជាដើម) - អាចធ្វើអោយសកម្មភាពនៃAmitriptylineកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង មិនអាចផ្ដុំអារម្មណ៍បាន ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ឱសថនេះមិនបង្ហាញប្រសិទ្ធិភាពភ្លាមៗនោះទេ ដោយត្រូវការរយៈពេលប្រហែល2សប្ដាហ៍។

      ・ហាមប្រើឱសថនេះចំពោះអ្នកដែលមានជំងឺក្លូកូម(Glaucoma) ជំងឺរីកក្រពេញប្រូស្តាត ឬ ជំងឺស្ទះការបញ្ជូនសញ្ញាក្នុងបេះដូង។

      ・ឱសថនេះអាចត្រូវបានប្រើនៅក្នុងការបំបាត់អាការៈបាក់ទឹកចិត្ត ដើម្បីកាត់បន្ថយអាការៈឈឺក្បាលជាដើម។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពទប់ស្កាត់ការស្រូបសារធាតុន័រអាដ្រេណាលីន(Noradrenaline) និង សារធាតុសេរ៉ូតូនីន(Serotonin)ដែលបញ្ចេញទៅក្នុងស៊ីណាប់(Synapse ដែលជាចន្លោះរវាងកោសិកាសរសៃប្រសាទ)ចូលទៅក្នុងកោសិកាសរសៃប្រសាទវិញ ធ្វើអោយបរិមាណសារធាតុប្រភេទម៉ូណូអាមីនទាំងនេះកើនឡើងនៅក្នុងស៊ីណាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp